top of page

ប្រវត្តិពុទ្ធិកសិក្សាជាតិ
អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជា (អពសជក)
General Inspectorate for National Buddhist Education of the Kingdom of Cambodia
(GINBEC)
ពុទ្ធិកសិក្សា គឺត្រូវបានគេស្គាល់ជាទូទៅ ថាជាស្ថាប័នអប់រំសម្រាប់តែព្រះសង្ឃ ដែលបានបួស នៅក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ ប៉ុន្តែធាតុពិត ស្ថាប័នអប់រំពុទ្ធិកសិក្សា គឺជាប្រព័ន្ធអប់រំតាមបែបសាសានា ដ៏មានសក្តានុពល ដែលបានផ្តល់ការអប់រំបណ្តុះបណ្តាលដល់ សមណសិស្ស សិស្ស សមណនិស្សិត និស្សិត និងកុលបុត្រខ្មែរទូទៅ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬសាសនាឡើយ។ ស្ថាប័នអប់រំមួយនេះ បានផ្តល់ឱកាសឱ្យកុលបុត្រខែ្មរទូទៅ បានសិក្សារៀនសូត្រ អភិវឌ្ឍចំណេះដឹងជំនាញ និងសមត្ថភាពចាប់ពី កម្រិតសាលាធម្មវិន័យ ពុទ្ធិកបឋមសិក្សា រហូតដល់កម្រិតពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា។ យោងតាម ឯកសារប្រវត្តិសាស្ត្រ បានបញ្ជាក់យ៉ាងច្បាស់ថាវិស័យអប់រំពុទ្ធិកសិក្សាគឺស្ថាប័នអប់រំដ៏មានវ័យចំណាស់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានបណ្តុះធនធានអ្នកប្រាជ្ញ ធម្មកោវិទ បណ្ឌិត បញ្ញវ័ន្តជាច្រើនតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ពុទ្ធិកសិក្សា ត្រូវបានបង្កើតឡើងតាមរយៈព្រះរាជប្រកាសព្រះករុណាព្រះបាទស៊ីសុវត្ថិ លេខ៤៩ ចុះថ្ងៃសុក្រ ១២រោច ទុតិយាសាឍ ឆ្នាំរកា ឯកស័ក ព.ស.
២៤៥២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩០៩ ដោយប្រសិទ្ធនាមថា បរមពុទ្ធវចនបរិយត្តបសាន ដែលមានទីតាំងដំបូងគេនៅនគរវត្ត (ខេត្តសៀមរាប) (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ២០០៦, ទំ. ១៧)។
វិស័យពុទ្ធិកសិក្សា ត្រូវបានបិទទា្វរទាំងស្រុងអំឡុងឆ្នាំ១៩៧៥ - ១៩៧៩ ក្រោមការដឹកនាំនៃរបបកម្ពុជាប្រជាធិប
តេយ្យ។ យោងសេចក្តីសម្រេចរបស់គណៈលេខាមជ្ឈិមបក្សនៃរដ្ឋកម្ពុជា លេខ២៩២ ដ.ខមប ចុះថ្ងៃទី១៣ ខែ
វិច្ឆិកា ឆ្នាំ១៩៨៩ ពុទ្ធិកសិក្សាក៏បានចាប់ផ្តើមដំណើរការឡើងវិញ មានទីតាំងស្ថិតនៅក្នុងវត្តទួលទំពូង សង្កាត់ទួលទំពូង
ទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលដំបូងឡើយ
បើកដំណើរការត្រឹមតែ កម្រិតពុទ្ធិកបឋមសិក្សា (សាលាបាលីរង) ប៉ុណ្ណោះ លុះដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩២ ដោយមើលឃើញពីដំណើរវិវឌ្ឍ និងការរួមចំណែកយ៉ាងច្រើនរបស់វិស័យពុទ្ធិកសិក្សាក្នុងការរអភិវឌ្ឍធនធានមនុស្ស ទើបក្រុមប្រឹក្សារដ្ឋមន្ត្រីនៃរដ្ឋកម្ពុជា បានអនុញ្ញាតឱ្យក្រសួងធម្មការ និងសាសនា បើកដំណើរការឡើងវិញនូវ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដែលមានកម្រិតសិក្សាត្រឹម ពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) មានទីតាំងស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភំ្នពេញ។ នៅឆ្នាំ១៩៩៧ ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ក៏បានបើកឱ្យដំណើរការបន្តទៀត ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់សមណសក្យបុត្រ ក៏ដូចជាកុលបុត្រពុទ្ធសាសនិកខ្មែរទូទៅបានសិក្សារៀនសូត្របន្ថែមទៀត។ ចំពោះការអភិវឌ្ឍចំណេះដឹងសមត្ថភាព និងជំនាញពុំមានព្រំដែនឡើយហេតុនេះហើយនៅឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យវិស័យពុទ្ធិកសិក្សាបើកដំណើរការ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ បន្ថែមទៀត។ ក្រោយមកតាមយោងអនុក្រឹត្យលេខ០៥ អ.នក្រ.បក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០៦ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ បានប្រែក្លាយទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានទីតាំងស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភំ្នពេញ (ខាងមុខព្រះបរមរាជវាំង)។ នៅឆ្នាំ២០០៨ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានបង្កើតសាខាចំនួនពីរបន្ថែមទៀត គឺសាខាខេត្តកំពង់ឆ្នាំង និងសាខាខេត្តបាត់ដំបង។ លើសពីនេះទៅទៀត ដោយមើលឃើញពីតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្សកម្រិតពុទ្ធិកឧត្តមសិក្សា មានការកើនឡើងរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យវិស័យពុទ្ធិកសិក្សា
បើកដំណើរការនូវពុទ្ធិកសាកលវិទ្យាល័យចំនួនពីរផ្សេងទៀតក្នុងនោះរួមមាន៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ៨៣ អនក្រ ប.ក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការបង្កើតពុទ្ធិកវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈអនុក្រឹត្យលេខ ១៩២ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១។
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការបណ្តុះបណ្តាល ការគ្រប់គ្រង និងការសម្របសម្រួលការងារវិស័យពុទ្ធិកសិក្សាប្រកបដោយប្រសិទ្ធភាពខ្ពស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំតាមឋានានុក្រម បានសម្រេចបង្កើត អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជាទទួលបន្ទុកគ្រប់គ្រងពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សាទូទាំងប្រទេស។[1] ជាងនេះទៅទៀត ដើម្បីពង្រឹងការងារពុទ្ធិកសិក្សាឱ្យកាន់តែល្អប្រសើរថែមទៀតនោះ និងទៅតាមដំណើរវិវឌ្ឍរបស់សង្គម ក៏ដូចជាការអភិវឌ្ឍរបស់ប្រទេសកម្ពុជា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ត្រូវបានដាក់ស្ថិតនៅក្រោមចំណុះនៃក្រសួងធម្មការនិងសាសនា ដែលមានថ្នាក់ស្មើនឹងអគ្គនាយកដ្ឋាន និងមានផ្នែកចំណុះចំនួន ០៤ រួមមាន ផ្នែក ពុទ្ធិកបឋមសិក្សានិងធម្មវិន័យ ផ្នែកពុទ្ធិកមធ្យមសិក្សាផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា និងផ្នែករដ្ឋបាលនិងគណនេយ្យ។ [2] ក្រោយមកទៀត នៅឆ្នាំ២០២១ ដើម្បីសម្រួលដល់ការងារបណ្តុះបណ្តាល និងការចាក់ផ្សាយកម្មវិធីទូរសិក្សាក្នុងអំឡុងសម័យកាលនៃវិបត្តិជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដំឡើងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតឱ្យមានថ្នាក់ស្មើនាយកដ្ឋាន [3] ផងដែរ ដូច្នេះ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នាពេលបច្ចុប្បន្នមានផ្នែកចំណុះចំនួន ០៥ រួមទាំងផ្នែកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
[1] អនុក្រឹត្យលេខ ៨៨ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៦ ស្តីពីការបង្កើតអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
[2] អនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការ និងសាសនា។
[3] អនុក្រឹត្យលេខ៧០ អនក្រ.បក ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ស្តីពីការដំឡើងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតមានថ្នាក់ ស្មើការិយាល័យទៅជាថ្នាក់ស្មើនាយកដ្ឋានចំណុះផ្ទាល់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។
ប្រភពអត្ថបទ ៖ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
ប្រវត្តិសាលា
ពុទ្ធិកវិទ្យាល័យ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
Samdech Akka Mohasenapadei Techo Hun Sen Buddhist High School

មិនទាន់មានទិន្នន័យគ្រប់គ្រាន់
bottom of page




